ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យយកប្រវត្តិសាស្ត្រ បកស្រាយប្រវត្តិសាស្ត្រ ពាក់ព័ន្ធទិវាជ័យជម្នះ ៧មករា

កោះកុង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យជនរួមជាតិ រួមទាំងអ្នកដែលរិះគន់រាជរដ្ឋាភិបាល ជុំវិញទិវាជ័យជម្នះ ៧មករា ឲ្យយកប្រវត្តិសាស្ត្រ ទៅបកស្រាយប្រវត្តិសាស្ត្រ កុំយកនិន្នាការនយោបាយ មកបកស្រាយរឿងប្រវត្តិសាស្ត្រ ។

ការលើកឡើងរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយកម្មករនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សម្តេចធិបតីមានប្រសាសន៍ថា “ទិដ្ឋភាពនៃ៧មករា ខ្ញុំសូមឲ្យបងប្អូនទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ បងប្អូនអាចពិចារណាបាន សិទ្ធិរៀនសូត្របាន អាចយល់ បញ្ញវន្តទាំងក្នុងនិងក្រៅប្រទេស រួមទាំងអ្នកដែលរិះគន់ ៧មករា សូមឆ្លើយនូវសំណួរទាំងអស់នេះ យកទៅពិចារណាទៅ” ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “យើងកុំយកនិន្នាការនយោបាយ មកបកស្រាយរឿងប្រវត្តិសាស្រ្ត យើងយកប្រវត្តិសាស្រ្ត បកប្រែប្រវត្តិសាស្ត្រទៅ ថាហេតុអីបានជាវាទៅជាចឹង បានយើងដើរផ្លូវហ្នឹង តើកម្ពុជាមានជម្រើសទេ? តើខ្មែរក្រហមមានសម្លាប់មនុស្សអត់ឆ្នាំហ្នឹង ស្លាប់អស់រាប់លាននាក់ តើបើសិនជាឆ្នាំ១៩៧៨ តើខ្មែរក្រហមមានដូរផែនការ ឈប់សម្លាប់មនុស្សទេ បើយើងមិនដេញចេញទេ? គឺនៅសម្លាប់បន្តទៀត នេះជាទិដ្ឋភាពប្រវត្តិសាស្ត្រ” ។

សម្តេចធិបតី បន្តថា “ទី២ ហេតុអ្វីយូអិន មិនមក ដោយសារច្បាប់ ចឹងតើយើងនៅចាំពីណាទៀត ? រកពីណាដែលគេអាចជួយ ងៀកគ្រប់ទិស ។ តែពេលនោះ មានទិសខាងកើត ហើយទិសខាងកើត យើងមានជម្រើស២ យកកម្លាំងខ្មែរសុទ្ធមកវៃ ឬមួយក៏មិនកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីមកជួយវៃរំដោះទាន់ពេលវេលា។ ឥឡូវបងប្អូនសួរសំណួរខ្លួនឯង ខ្ញុំសួរប៉ុណ្ណេះទៅ អីចឹងយើងឃើញថា ៧មករា ១៩៧៩ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្គ្រោះរស់រានជីវិតប្រជាពលរដ្ឋ គឺជាការចាំបាច់ដែលត្រូវធ្វើឆ្លើយតបទៅនឹងតម្រូវចាំបាច់របស់ជាតិកម្ពុជា និងដោយសារយើងគ្មានជម្រើសច្រើន ប៉ុន្តែត្រូវតែធ្វើនៅពេលនោះ ហើយត្រូវតែពឹងអ្នកណាដែលគេជួយ ដើម្បីយើងអាចរស់បានប៉ុណ្ណឹង ។ នេះជាអត្ថន័យ ៧មករា ១៩៧៩” ។

សម្តេចធិបតី បកស្រាយបន្តថា “យកប្រវត្តិសាស្ត្រ មកបកស្រាយ ហើយដាក់ខ្លួនយើងនៅពេលនោះតែម្តង បងប្អូនអើយ នេះជាទិដ្ឋភាពជាក់ស្តែង ដោយសារថ្ងៃនេះ ថ្ងៃ៨មករា មួយថ្ងៃក្រោយ ពីទិដ្ឋភាព នៃការរំដោះប្រទេសកាលពី ៤៥ឆ្នាំមុន ខ្ញុំសូមយកពេលនេះ ហើយខ្ញុំឃើញការផ្សព្វផ្សាយ តាមហ្វេសប៊ុកតាមអី សិទ្ធិនៅក្នុងការបញ្ចេញមតិ ទស្សនបញ្ចេញចុះ ខ្ញុំក៏មានសិទ្ធិនៅក្នុងការបកស្រាយ ឲ្យបងប្អូនថ្លឹងថ្លែង យកទិដ្ឋភាពជាក់ស្តែង យកការពិតមកបកស្រាយ មកពន្យល់ យកមកទាញហេតុផល ។ ខ្ញុំគិតថា បងប្អូនទាញហេតុផលមិនខុស ពីអ្វីដែលខ្ញុំនិយាយពេលនេះទេ”៕

To Top