ព័ត៌មានជាតិ

អគ្គនាយដ្ឋាន សម្ភារៈបច្ចេកទេស និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយអនុក្រឹត្យ និងនីតិវិធី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដល់កងកម្លាំងមួកខៀវ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហេង ធូ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង លោកឧត្តមសេនីយឯក សុន គឹមស៊ន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបំពាក់សម្ភារៈសឹក តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជា អតិបតី ក្នុងពិធីផ្សព្វផ្សាយអំពីច្បាប់ អនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។

លោកឧត្តមសេនីយ៍ឯក ហេង ធូ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ឯក សុន គឹមស៊ន តំណាងនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញមកផ្សព្វផ្សាយ ច្បាប់អនុក្រឹត្យ និងនីតិវិធីនៃការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដល់កងកម្លាំងមួកខៀវកម្ពុជានាថ្ងៃនេះ ។

លោកឧត្តមសេនីយ៍ឯក ហេង ធូ សង្ឃឹមថា នាយទាហាន នាយទាហានរង និងសិក្ខាមទាំង១៧៣នាក់ដែលបានចូលរួម ក្នុងពិធីនេះ នឹងនាំយកចំណេះ ទាំងអស់ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានជំនាន់ក្រោយៗទៀត ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ឯក សុន គឹមស៊ន ក៏បានបង្ហាញសេចក្តីរីករាយដែលបានអញ្ជើញមកផ្សព្វផ្សាយចំណេះដឹង ដ៏មានសារៈសំខាន់នេះ ដល់កងកម្លាំងមួកខៀវកម្ពុជា ។ លោកលើកឡើងថា សិក្ខាសាលានេះ នឹងបញ្រ្ជាបចំណេះដឹងដល់សិក្ខាកាមឲ្យយល់ដឹងអំពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវក្នុងកងយោធពលខេមភូមិន្ទ និងទប់ស្កាត់រាល់បទល្មើស នៃការប្រើប្រាស់អាវុធខុសច្បាប់ ក្នុងកងយោធពលខេមរភូមិន្ទ ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ជាញជ័យរបស់សម្តេចតេជោ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ សម្តេចពិជ័យសេនា , លោកប្រធានគណៈកម្មាធិការជាតិ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការ និងកម្លាំងមហាសាមគ្គី មកពីបណ្តាស្ថាប័នរដ្ឋ និងអង្គភាព នៃកងយោធពល ខេមរភូមិន្ទនានា កម្ពុជា បានបញ្ជូលកងកម្លាំងមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ សរុបចំនួន ៩២៨១នាក់ ក្នុងនោះមាននារីចំនួន ៧៦៣នាក់ ទៅកាន់ ១២បេសកកម្ម ក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស ស៊ីរី យេមែន និងសាធារណរដ្ឋកុងហ្គោ ៕

To Top