ភ្នំពេញ ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដាំផ្ញើលើកទឹកចិត្ត ដល់ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលនូវែលសេឡង់ ត្រូវធ្វើជាទូតនាំសារផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ និងសក្តានុពល វិស័យទេសចរណ៍កម្ពុជា នៅពេលបានទៅសិក្សា នៅប្រទេសអភិវឌ្ឍន៍មួយនេះ ។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី សុខ សូកេន អនុញ្ញាតឲ្យសិស្សនិស្សិតអាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន៣៥រូប ជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំគន្លឹះពីវិស័យទេសចរណ៍ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមទៅសិក្សានិងស្នាក់នៅនូវែលសេឡង់ ចាប់ពីចុងខែមករា ឆ្នាំ២០២៤ ។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសារទរចំពោះសិស្សនិស្សិតជ័យលាភីទាំង៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទៅសិក្សានៅប្រទេសនូវែល សេឡង់សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងបានវាយតម្លៃខ្ពស់ ចំពោះនិស្សិតទាំងអស់ ដែលជាកូនខ្មែរអ្នកបន្តវេន ដ៏មានសក្តានុពល និងសមត្ថភាពខ្ពស់អាចចាប់យក ឱកាសអាហារូបករណ៍របស់រដ្ឋាភិបាល នូវែលសេឡង់។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «សិស្សនិស្សិតទាំងអស់ នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យ ទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ ត្រូវមានទំនាក់ទំនល្អ អត្តចរិតស្លូតបូតរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅ និងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទនភាពជាប្រជាជនខ្មែរ ប្រទេសតូច បេះដូងទូលាយ និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ»។
បើតាមលោក អ៊ី ឆាលី តំណាងនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សិស្សនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍ រួមមាន៖ (១) ការសិក្សាមុនពេលចេញដំណើរ នៅមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការបណ្តុះបណ្តាល-ACE (២) សំបុត្រយន្តហោះទៅ-មក (៣) ធានារ៉ាប់រងការធ្វើដំណើរ (៤) ប្រាក់ឧបត្ថម្ភសម្រាប់ Set-up នៅពេលទៅដល់ប្រទេស នូវែលសេឡង់ (៥) ថ្លៃសិក្សានៅប្រទេស នូវែលសេឡង់ ប្រាក់ឧបត្ថម្ភ សម្រាប់ការចំណាយ ស្នាក់នៅ ហូបចុក ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភលើការស្រាជ្រាវ និងសរសេរនិក្ខេបបទ បញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់ បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា សរុបជាង៤០០កន្លែង ឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសនូវែលសេឡង់ ដែលសិស្សនិស្សិត មានសមាសភាពមកពីក្រសួងស្ថាប័ន របស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ៕
