ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កំណែទម្រង់ប្រឡងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ងាកមកទទួលខុសត្រូវលើខ្លួនឯង

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯងវិញរបស់បេក្ខជនប្រឡង។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីចាត់ទុកការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកការខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។

សម្ដេចបញ្ជាក់ថា «ការប្រឡង បានធ្វើឲ្យយើងជំនួសនូវវប្បធម៌ ឬផ្នតគំនិត វិជ្ជមានមួយចំនួនទៅដល់វប្បធម៌ដែលធ្លាប់មានពេលមុនមិនល្អ។ ទីមួយជំនួសវប្បធម៌អន្តរាគមន៍ ដោយវប្បធម៌ទទួលខុសត្រូវបុគ្គល។ ជិតប្រឡងអត់មានឪពុក-ម្ដាយ រត់ទៅរកអន្តរាគមន៍ទៀតទេ ហើយក្មួយៗក៏មិនពឹងទៅឪពុក-ម្ដាយ ឬបងប្អូន ទៅរកពឹងគេឲ្យជាប់ដែរ តែត្រូវទទួលខុសត្រូវដោយខ្លួនឯង នេះគឺជាវប្បធម៌មួយដែលសំខាន់ណាស់ក្នុងការប្រឡង»។

សម្ដេចបន្ដថា ការប្រឡងនេះ គឺគ្រួសានីមួយៗ សិស្សម្នាក់ៗ បានចូលរួមដោយដាក់បន្ទុកជាប់ ឬធ្លាប់ គឺជារបស់ខ្លួន ជៀសជាងរត់ទៅរកការអន្តរាគមន៍ ដោយបែរមកខំរៀនសូត្រវិញ។ បទពិសោធន៍ នៃការប្រឡងបាក់ឌុប បានបង្កើតវប្បធម៌ និងផ្នត់គំនិតឲ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ ហើយក៏ជាវប្បធម៌ដ៏មានតម្លៃ និងត្រូវធ្វើបន្តទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

To Top