ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុប មិនមែន ជាការធ្វើបដិវត្តន៍នោះទេ

រូបភាពពី៖​ STPM

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបមិនមែនជាការធ្វើបដិវត្តន៍នោះទេ មិនផ្ដាច់ចោលនូវគោលនយោបាយពីមុន ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយកាលពីអាណត្តិមុនៗ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីលើកឡើងថា កំណែងទម្រង់រយៈពេល១០ឆ្នាំកន្លងមក ក្នុងការប្រឡងនោះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានគាំទ្រ និងជំរុញចំពោះការប្រឡង។ សម្ដេចថា កំណែទម្រង់ មិនមែនជាបដិវត្តន៍ ដោយមិនមែនលុបចោលនូវគោលនយោបាយពីមុន ៗនោះឡើយ។

សម្ដេចធិបតី មានប្រសាសន៍ថា «យើងមិនមែនធ្វើបដិវត្តន៍ទេ ខ្ញុំសូមបញ្ជាក់ ការកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្ដាច់ចោលនូវគោលនយោបាយពីមុន លុបចោលទាំងអស់ ហើយអនុវត្តកត្តាដូចជំនាន់ខ្មែរក្រហម ចូលមកលុបចោលនូវកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗ យើងអត់ទេ»។

សម្ដេចធិបតីបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិ៧នេះ គឺបន្តពីគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិមុនៗ ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណ គឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្រ្ដចតុកោណ៕

To Top