ព័ត៌មានជាតិ

សម្តេចធិបតី រំលឹកថា ធ្លាប់ចាត់តាំងក្រុមការងារឃ្លាំមើល ការបែកធ្លាយវិញ្ញាសាប្រឡង នាយទាហានលើហ្វេសប៊ុក មុនថ្ងៃប្រឡង

ភ្នំពេញ៖ លើកយកបទពិសោធន៍ ការប្រឡងជ្រើសរើសនាយទាហាន ក៏ដូចជាការប្រៀបធៀបទៅ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចធ្លាប់បានចាត់តាំងក្រុមការងារ ឲ្យតាមដានឃ្លាំមើលលើបណ្តាញសង្គម ទប់ស្កាត់ការបែកធ្លាយវិញ្ញាសា នៅមុនការប្រឡង រហូត២៤ម៉ោង ។

ការរំលឹកបទពិសោធន៍ផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាសិស្សបានប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦វិច្ឆិកា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី បានឲ្យដឹងថា ការជំរុញលើកំណែទម្រង់ការប្រឡងឲ្យមានស្តង់ដា ទាមទារឲ្យមានការរការប្តេជ្ញាខ្ពស់របស់ថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីអនុវត្ត ដែលរួមមានមន្ត្រីក្រសួងអប់រំ មន្ទីរអប់រំ ការិយាល័យអប់រំ សាលា លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ក្នុងការគាំទ្រទៅដល់ការប្រឡង អនុវត្តឲ្យបានខ្ជាប់ខ្ជួន ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បើសិនជាគោលនយោបាយដាក់ចេញ មិនមានប្រតិបត្តិករដោយស្មោះត្រង់ និងដាច់ខាតក្នុងការអនុវត្តទេ គឺមិនជោគជ័យឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តលើកឡើងថា “ប្រឡងមិនស្រួលទេ ឯកឧត្តម ហង់ ជួនណារុន ម្នាក់ឯងមិនអាចទៅធ្វើមេប្រយោគផង ធ្វើអីផងសម្រាប់ ១០ម៉ឺននាក់ទេ ការចេញវិញ្ញាសា បើសិនជាអ្នកដែលគ្រប់គ្រង មិនអនុវត្តចេញវិញ្ញាសា តែមួយយប់មុនរលាយបាត់ហើយ” ។

សម្តេចធិបតី ក៏បានបញ្ជាក់ថា “រឿងប្រឡងនេះ ខ្លាចជាងគេបំផុត ឲ្យតែស្អែកឡើងប្រឡងវិញ្ញាសា ចាប់ផ្តើមរុញចេញ ខ្ញុំចាត់តាំងរឿងនេះ រឿងប្រឡងនាយទាហានទេ ឯកឧត្តមដូចគ្នា កម្លាំងហ្វេសប៊ុក២៤ម៉ោង មានលេចវិញ្ញាសាហ្នឹងហើយនៅ? បើសិនអ្នកកាន់គាត់ធ្វើឲ្យ ខ្ជីខ្ជាយ ចេញមកបាត់ យើងខូចការបាត់ទៅហើយ មិនអាចទៅរួច អាហ្នឹងរឿងតូចមួយ ។ ចឹងត្រូវការការចូលរួមទាំងអស់ របស់មន្ត្រីទាំងអស់នូវការលះបង់រួមគ្នា” ៕

To Top