ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៥៧ករណី បណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃ២-៧ មករា ។
លោកថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដងដែលជួបគ្រោះថ្នាក់ ច្រើនជាងគេ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កាន់តែរីកចម្រើនជាលំដាប់។
លោកបន្តថា ជាទិសដៅអាទិភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ឧបនាយករដ្ឋមន្ត្រី តែងតែដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។
ចំពោះអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានលោក ទូច សុឃៈមើលឃើញថា បណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍។ ចំណុចទាំងអស់នេះ លោកថា ត្រូវទាមទារឲ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ ៕