ព័ត៌មានជាតិ

សម្តេចតេជោ កំពុងធ្វើដំណើរទៅតូក្យូ ដើម្បីផលិតកែវភ្នែកសិប្បនិមិត្ត ក្រោយសម្តេចប្រើអស់៣៤ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិត្តដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ ពោលពីឆ្នាំ១៩៩០ដល់ឆ្នាំ២០២៤។ នេះបើតាមសម្តេចបានបង្ហាញនៅក្នុងហ្វេសប៊ុកនាព្រឹកថ្ងៃ៩ មករា ។

ចំពោះដំណើរឆ្ពោះទៅទឹកដីជប៉ុន ជាប្រទេសផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច កាលពី៣៤ឆ្នាំមុនដែលអមដំណើរដោយកូនទាំង៣ផងនោះ សម្តេចក៏បានរៀបរាប់អំពីកែវភ្នែកនេះថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចអះអាងថា មិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលធ្លាប់ប្រើកាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឲ្យឈឺភ្នែក និងឈឺក្បាល។

សម្តេចបន្តថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយៈពេល
១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់ ។ សម្តេចថា នេះហើយជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាមដូចនេះបានជាសម្តេចដឹកនាំស្វែងរកសន្តិភាព និងរក្សាសន្តិភាព៕

To Top