ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី៩ មករា នេះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ។

ក្នុងឱកាសនៃជំនួបនេះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានលើកទ្បើង អំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍ ៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។
លោក បានសម្តែងនូវការបេ្តជ្ញាចិត្ត ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ របស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹម ចំពោះការជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕
