ភ្នំពេញ៖ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុល របស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ ។
ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ភាគីទាំងពីរ បានពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។
ក្នុងនោះ សម្តេចធិបតី បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុល របស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗ រវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម ៕