ព័ត៌មានជាតិ

ក្រសួងការងារ បានដាក់ចេញ សកម្មភាព អាទិភាព និងបន្ទាន់ សំដៅពង្រឹងយន្តការអធិការកិច្ច ការងារ ដើម្បីការពារផលប្រយោជន៍ កម្មករនិយោជិត

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងបានដាក់ចេញនូវ សកម្មភាពអាទិភាព និងបន្ទាន់មួយចំនួន សំដៅពង្រឹងយន្តការអធិការកិច្ចការងារ និងពង្រឹងសមត្ថភាពមន្ត្រី អធិការកិច្ចការងារ ដើម្បីការពារ ផលប្រយោជន៍ និងសិទ្ធិបងប្អូន កម្មករនិយោជិត។

ថ្លែងក្នុងពិធី ជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ និយោជិតចូលរួមចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ហេង សួរ បានលើកឡើងថា ជាក់ស្តែង ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រសួងបានចុះធ្វើបច្ចុប្បន្នភាពស្ថិតិរោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលគ្រប់លក្ខណសម្បត្តិដើម្បីចុះបញ្ជិកា ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាស សរុបបានកើនពីចំនួនជាង ១ម៉ឺន៧ពាន់ ដល់ចំនួនជាង ៤ម៉ឺន រោងចក្រ សហគ្រាស រីឯចំនួនបងប្អូនកម្មករនិយោជិតសរុប បានកើនពីចំនួនជាង ១លាន ៥សែននាក់ ដល់ជាង ១លាន ៧សែននាក់។

លោកបន្តថា ក្រសួងក៏នឹងធ្វើការជាមួយដៃគូ ពាក់ព័ន្ធ រួមទាំងក្រុមប្រឹក្សាអាជ្ញារកណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សារវិវាទការងារ ក៏ដូចជាពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគីក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ព្រមទាំងពង្រឹង ពង្រីក និងបង្កើនការអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនកម្មករនិយោជិតអំពីយន្តការ នៃការដោះស្រាយវិវាទការងារ សិទ្ធិ ក្នុងការចូលរួម ឬមិនចូលរួមក្នុង ការធ្វើសកម្មភាពអ្វីមួយរួម ទាំងសិទ្ធិក្នុងការទទួលខុស ត្រូវនិងគណនេយ្យភាព ពីតំណាងអង្គការិជ្ជាជីវៈរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងវឌ្ឍនភាពនេះ លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងការងារកំពុងអនុវត្តការងារ អាទិភាពទាំង៤ ដែលដាក់ចេញ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ហើយត្រូវអនុវត្ត ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ មានដូចជា ទី១. ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ ដែលមានរោងចក្រ គឺបានរៀបចំសេចក្តីព្រាង អំពីយន្តការទ្រទ្រង់ និងបានកំណត់កាលវិភាគនៅក្នុងដើមខែមីនា ឆ្នាំ២០២៤នេះ ដើម្បីប្រជុំជាមួយភាគី និយោជក ។ ទី ២. ក្រសួងបានសហការ ជាមួយភាគី ពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ ដែលកំពុង ដំណើរការឱ្យបានសមរម្យ សម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។ទី៣. សហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋាន បច្ចេកទេស និងផាសុកភាព ជាងមុន ត្រឹមឆ្នាំ២០២៧ ។ និងទី៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ ជំនាញដែលជាឱកាស សម្រាប់បងប្អូនកម្មករ និយោជិត និងបងប្អូនពលករធ្វើការ ក្រៅប្រទេសអាចចុះឈ្មោះធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន ៕

To Top