ភ្នំពេញ ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY)ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលឹកអំពីមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា-ឡាវ ហើយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ ដ៏ល្អនេះក្រសួងទេសចរណ៍កម្ពុជានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាពិសេសសម្របសម្រួលឱ្យមានការតភ្ជាប់ជើងហោះត្រង់បន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលតែងតែជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ជាពិសេស កិច្ចខិតខំប្រឹងប្រែង ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ជាចុងក្រោយ លោករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕