ព័ត៌មានជាតិ

យុវជនជាង៦០០នាក់ បានចុះឈ្មោះរៀនជំនាញ នៅវិទ្យាស្ថានបច្ចេកទេស ខេត្តកំពត

ភ្នំពេញ៖ លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែនកំពតនៅថ្ងៃ១០ មករា ២០២៤ នេះបានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថាចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៦២៨នាក់ លើជំនាញចំនួន ៧ មានដូចជា ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មកុំព្យូទ័រ និងការកែច្នៃបន្លែផ្លែឈើ។

លោកបន្តថា វិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគតេជោសែន នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថភាពផងដែរ។

លោកបន្ថែមថា ជំនាញទាំងអស់របស់វិទ្យាស្ថាន ជាជំនាញដែលសិស្សមានការងារធ្វើល្អសមរម្យ និងទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ។

គូរបញ្ជាក់ថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

To Top