ភ្នំពេញ ៖ ទោះបីជាអាជ្ញាធរ និងមន្ទីរធនធានទឹកខេត្តបាត់ដំបង បានប្រាប់ជាមុនពីបញ្ហាខ្វះខាតទឹកធ្វើស្រែប្រាំងយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាកសិករនៅបន្តបង្កបង្កើនផលលើសផែនការកំណត់ ព្រោះតម្លៃស្រូវមានតម្លៃខ្ពស់។ នេះបើតាមលោក សុខ លូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃ១០ មករាពីបញ្ហាខ្វះទឹកដោយភ្ជាប់ជាមួយផែនការធ្វើស្រូវប្រាំងរបស់កសិករនៅបាត់ដំបង ។
លោកបន្តថា ផែនការស្រូវប្រាំងកំណត់ឲ្យបានចំនួន ២១ ០០០ហិកតា ព្រោះលទ្ធភាពទឹកអាចស្រោចស្រពបានប៉ុណ្ណឹង តែបច្ចុប្បន្នកសិករធ្វើរហូតដល់ ៥៦ ២៦២ ហិកតា លើសផែនការ៣៥ ២៦២ហិកតា ។
ទោះបីយ៉ាងណាលោកអភិបាលខេត្តថា បច្ចុប្បន្នក៏បានធ្វើឲ្យប៉ះពាល់បណ្តាឃុំក្រោមផ្លូវជាតិលេខ៥ នៃស្រុកមោងឬស្សីប្រហែល ៨ ០០០ ហិកតាដែលពិបាករកប្រភពទឹកសង្រ្គោះ តែអ្នកពាក់ព័ន្ធនៅបន្តខិតខំឲ្យអស់លទ្ធភាពដើម្បីជួយពួកគាត់ ។
ចំពោះបណ្តាឃុំផ្សេងទៀត លោកថា មិនទាន់មានបញ្ហាអ្វីចោទខ្លាំងទេ ដោយអាចគ្រប់គ្រងទឹកបានដើម្បីជួយពួកគាត់បន្តទៀត ។
លោក សុខ លូ ក៏បានប្រាប់ថា ប្រសិនបើមានភ្លៀងកក់ខែ នៅក្នុងខែមករា ឬដើមខែកុម្ភៈនេះ នឹងធូរស្រាលបានច្រើនដោយជួយឲ្យកសិករធ្វើស្រូវកាន់តែល្អប្រសើរ៕