ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យ ពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។

បេសកកម្មនៅក្រុងសំពៅពូន របស់លោកបណ្ឌិត មានការអញ្ជើញចូលរួមពីលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយកអន្តោប្រវេសន៍ លោកអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

អញ្ជើញទៅដល់ក្រុងសំពៅពូន លោកបណ្ឌិត បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេ ដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀតណាម។

បន្ទាប់មក លោកបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ ដែលរងការបាក់ស្រុតដីប្រវែងជាង ១,២០០ម៉ែត្រ៕




