ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច កម្រិតពិភពលោក មានឆន្ទៈជួយកម្ពុជាពាក់ព័ន្ធការអភិវឌ្ ឍប្រកបដោយចីរភាព និងការកសាងសេដ្ឋកិច្ចបៃតង

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និងជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញមួយរូប បានបង្ហាញឆន្ទៈដ៏មុតមាំ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយកម្ពុជា នូវទស្សនាទាន បទពិសោធន៍ពាក់ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ។

ការបង្ហញឆន្ទៈ និងការតៀមខ្លួនរបស់អ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញរូបនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ បានគោរពជម្រាបជូន សម្តេចធិបតីថា «លោកមានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម» ។

លោកសាស្ត្រាចារ្យថ្លែងថា ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ច ក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅកម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាខាងលើ ។

ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ ៕

To Top