ព័ត៌មានជាតិ

ទស្សនៈនិងមតិ! គម្រោងផ្លូវជាតិលេខ៤៨ មានភាពយឺតយ៉ាវ និងអាចបាត់គុណភាព ព្រោះកត្តាជាច្រើន

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលកំពុងបានស្ថាបនា ដោយមានការដេញថ្លៃបានពីក្រុមហ៊ុន ILSUNG & HANIL Joint Venture របស់កូរ៉េ អាចនឹងមានភាពយឺតយ៉ាវ ព្រមទាំងអាចបាត់គុណភាព ដោយសារ ការដេញថ្លៃមានតម្លៃទាប ស្ថាបនាខ្វះបច្ចេកទេស និងមន្រ្តីជាន់ខ្ពស់នៃក្រសួងសារធារណៈការ និងដឹកជញ្ជួន ដែលទទួលបន្ទុកត្រួតពិនិត្យ មានការឆកល្វេង។

សូមរំលឹកថា ផ្លូវជាតិលេខ៤៨នេះ មានប្រវែង១៤៨គីឡូម៉ែត្រ ដែលគ្រោងប្រើប្រាស់ថវិកា ជាង៧០លានដុល្លារ និងសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ដែលគ្រោងបញ្ចប់ការសាងសង់ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

បើតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា គម្រោងនេះ គឺលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ជាអ្នកទទួលបន្ទុកត្រួតពិនិត្យ។

ប្រភពដដែលបន្ថែមថា គម្រោងខាងលើ អាចមានភាពយឺតយ៉ាង ក្នុងការសាងសង់ ព្រោះមានក្រុមហ៊ុនខ្មែរមួយចំនួន ដែលដេញថ្លៃបន្តពីក្រុមហ៊ុនកូរ៉េ ILSUNG មានការលំបាក ព្រោះមានការណែនាំ (ខុស) ឧទាហរណ៍ការចាក់ដីក្រហម ក្រាលបាត (ត្រាស់សេ) ត្រូវចាក់កម្រាស់ពីរតឹក តែបែរជាឱ្យចាក់ត្រឹម១តឹកជាង តែប៉ុណ្ណោះ។

កត្តាខាងលើត្រូវបានមហាជន ដាក់ចេញជាសំនួរថា តើការយឺតយ៉ាវនិង អាចបាត់គុណភាពនេះ ត្រូវផ្លាស់ប្ដូរមន្រ្តីត្រួតពិនិត្យ ដែលខ្វះជំនាញ និងជម្រុញការដេញថ្លៃបន្ថែមឬយ៉ាងណា។

បើតាមគម្រោងដែលអាចធ្វើទៅបាន គឺត្រូវចំណាយថវិកាប្រមាណ១០០លានដុល្លារ ខណៈក្រុមហ៊ុន ILSUNG & HANIL Joint Venture របស់កូរ៉េ ដេញថ្លៃត្រឹមតែជាង៧០លានដុល្លារតែប៉ុណ្ណោះ។

ដោយឡែកផ្លូវលេខ៣១២ តភ្ជាប់ពីស្ពានអ្នកលឿងទៅកាន់ព្រំដែនវៀតណាម ក៏កំពុងជួបបញ្ហាស្រដៀងគ្នានេះដែរ ដែលជាគម្រោងដេញថ្លៃបាន ពីក្រុមហ៊ុន ILSUNG & HANIL Joint Venture របស់កូរ៉េ ។

ជុំវិញករណីខាងលើ មហាជនស្នើឱ្យក្រសួងពាក់ព័ន្ធ ពិចារណា ឡើងវិញ ក្នុងការចូលរួមដេញថ្លៃគម្រោងរបស់ក្រុមហ៊ុនខាងលើ ជៀសវាងជួបប្រទះ បញ្ហានេះ ទៅលើគម្រោងផ្សេងៗ នៅពេលខាងមុខ៕

To Top