ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ អាជ្ញាធរបានចាត់វិធានការទាន់ពេល ក្នុងការដោះស្រាយការខ្វះទឹកស្រោចស្របស្រូវប្រាំង របស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធបានទទួលការណែនាំ និងចាត់វិធានការទាន់ពេលវេលា ក្នុងការផ្ដល់ប្រភពទឹកដល់ប្រជាកសិករស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីស្រោចស្របដំណាំស្រូវប្រាំង របស់ពួកគាត់។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា កន្លងទៅថ្មីៗនេះ មានស្រុកចំនួន ២ ដែលជួបប្រទះនូវការខ្វះទឹកស្រោចដំណាំស្រូវប្រាំង ក្នុងនោះគឺ ៖

ទី១ ៖ ស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន ៨ ភូមិ ស្មើនឹងផ្ទៃដី ជាង ៩០០ ហិចតា ដែលប្រឈមនឹងការខ្វះទឹក ។ ប៉ុន្តែប្រការនេះ ត្រូវបាន លោកអភិបាលខេត្ត សម្រេចបើកទ្វារទឹកនៅចំណុចអាងទឹកថ្មដា ទម្លាក់ទឹកហូរភ្ជាប់ជាមួយនឹងប្រឡាយទឹកឆា ឱ្យហូរចូលទៅក្នុងឃុំសំពងជ័យ និងឃុំព្រីងជ្រុំ រួចហើយ។

ទី២ ៖ ស្រុកបាធាយ មាន២ឃុំ ដែលជួបបញ្ហាខ្វះទឹក ក្នុងនោះឃុំសណ្ដែក មានផ្ទៃដី ជាង ១០០ ហិចតា ត្រូវបានដោះស្រាយរួចហើយ ដោយប្រើម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រាំង ។ ដោយឡែក នៅក្នុងឃុំតាំងក្រសាំង មានផ្ទៃដីជាង ៥០០ ហិកតា ដែលប្រឈមនឹងការខ្វះទឹក ប៉ុន្តែកិច្ចការនេះ គឺខាងមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានធ្វើការដោះស្រាយ ដោយប្រើម៉ាស៊ីនបូមទឹកផ្តល់ជូនប្រជាកសិករយើងផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការងារគ្រប់គ្រងការខ្វះទឹកស្រោចដំណាំស្រូវប្រាំងរបស់ប្រជាកសិករ គឺអាជ្ញាធរខេត្ត អាចគ្រប់គ្រងបាន ដោយសារខេត្តកំពង់ចាមមានផលប៉ះពាល់តិចជាងខេត្តដទៃ ៕

To Top