ភ្នំពេញ៖ លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក សន្តិភាព និងសម្រេចបាននូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ។
ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាស ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែមករា ២០២៤ នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

ក្នុងជំនួបនោះសម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះ មហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅ ព្រលាន យន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។
លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែលជាស្ថាបនិក សន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុននាពេលកន្លងមកនិងតទៅអនាគត។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយ រាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយ ស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា ។
ភាគីមិត្តក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ ២០០០ ម៉្លេះ។
សម្តេចតេជោ បានលើកទឹកចិត្ត និងស្នើឱ្យភាគីជប៉ុនបន្តជួយ កម្ពុជាក្នុងវិស័យដោះមីនតទៅទៀត ជាពិសេសចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ឱ្យបានជោគជ័យ ៕
