ព័ត៌មានជាតិ

សមាគម ជប៉ុន-កម្ពុជា នឹងបើកការិយាល័យ នៅកម្ពុជា​ ដែលដើរតួនាទីសំខាន់ ជួយទាក់ទាញ វិនិយោគិន ជប៉ុនមកកម្ពុជា

ភ្នំពេញ៖ លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងឲ្យដឹងថា សមាគម នឹងបើកការិយាល័យរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ មករា​នៅ​ប្រទេសជប៉ុន ប្រធានសមាគមជប៉ុន-កម្ពុជា បានសំដែងនូវការកោតសរសើរពីតួនាទីដ៏សំខាន់របស់ សម្ដេចតេជោ ដែលជាស្ថាបនិកក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាជាពិសេស ក្នុងការ ពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងពេលជាងបីទសវត្សកន្លងមកនេះ។

ជំនួបនេះផ្តោតជាសំខាន់លើការទាក់ទាញវិនិយោគថែមទៀតពីជប៉ុនមកកម្ពុជា ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា។ ជាក់ស្តែង ប្រធានសមាគមជប៉ុន-កម្ពុជា បញ្ជាក់ថា «សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅ ព្រះ រាជា ណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹង ដើរ តួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន» ។

លោកមានប្រសាសន៍ថា ហេតុនេះប្រសិន បើ យើងអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។ ក្នុងជំនួបនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនខ្លះ ដែលកំពុងមានដំណើរការផលិតកម្មនៅកម្ពុជារួចហើយ និងមានក្រុមហ៊ុនខ្លះទៀតក៏បាន បង្ហាញឆន្ទៈក្នុងការបើកសាលា បណ្ដុះបណ្ដាល ជួសជុលរថយន្ដ និងសាលាបណ្ដុះបណ្ដាល អំពីសហគ្រិនភាពសម្រាប់ធុរជនស្រ្ដី នៅប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា និងរីករាយស្វាគមន៍ចំពោះការបើកការិយាល័យរបស់សមាគមនៅកម្ពុជា។ សម្ដេច តេជោ សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ក៏ដូចជា លទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។

ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរក សក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែវិនិយោគិនជប៉ុន ដែល សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយ លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្ដីជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅទី ក្រុង តូក្យូ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

To Top