ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវដល់យុវជន ធ្វើអ្វីកុំឱ្យហួសព្រំដែន ដើម្បីរក្សាតម្លៃ វប្បធម៌ខ្មែរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ធ្វើអ្វីកុំឱ្យហួសព្រំដែន ដើម្បីថែរក្សាតម្លៃវប្បធម៌ និងអត្តសញ្ញាណជារបស់ខ្មែរ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកមានការរីកចំរើន ជាក់ស្តែង នៅកម្ពុជា សិទ្ធិស្រ្តីត្រូវបានលើកតម្កើង តែមិនឱ្យហួសព្រំដែនរហូតដល់បាត់តម្លៃស្រ្តីនោះទេ។

សម្ដេចធិបតី បញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវឱ្យបងប្អូនរបស់យើងទាំង ស្ដ្រី ទាំងប្រុស ជាពិសេស យុវជន ធ្វើអ្វីៗក៏ដោយ ក៏ត្រូវមានព្រំដែន និងការទទួលខុសត្រូវរបស់ខ្លួន សិទ្ធិសេរីភាពមាន ប៉ុន្ដែសូមកុំឱ្យហួសព្រំដែន សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីចូលរួមថែរក្សាស្ថិរភាព និងភាពសណ្ដាប់ធ្នាប់សង្គម គោរពវប្បធម៌ ប្រពៃណីរបស់យើង»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគ លើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ (Gender Responsive Budgeting) និង ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន។

សម្តេចធិបតី បានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីក វិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម៕

To Top