ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការដាស់តឿន និងផ្តល់ជាអនុសាសន៍ ជុំវិញប្រជាពលរដ្ឋដែលជាអ្នក ធ្វើមាតិកាក្តី អ្នកលក់ផលិតផលក្តី នៅលើបណ្តាញសង្គម អ៊ីនធើណេត កុំព្រោះតែចង់បាន ការចាប់អារម្មណ៍ បានView ច្រើន ធ្វើរឿងហួសព្រំដែន បង្កឲ្យប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ជាពិសេសតម្លៃស្ត្រីខ្មែរ ។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី បានលើកឡើងថា “ដូចករណីដែរ ក្មួយៗប៉ុន្មានរូប ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយ ជ្រុលនៅលើប្រព័ន្ធ Media ប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការលក់ផលិតផល ហួសហេតុ ពិតណាស់ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពរបស់នារី ត្រូវបានលើកតម្កើន ប៉ុន្តែយើងក៏ត្រូវមានកាតព្វកិច្ចថែរក្សា និងការពារនូវតម្លៃសង្គម តម្លៃវប្បធម៌ប្រពៃណី ជាពិសេសតម្លៃស្ត្រីខ្មែរ ទោះបីជាប្រទេសយើងអភិវឌ្ឍន៍ ថ្ងៃក្រោយដល់ណាក៏ដោយ ខ្ញុំគិតថា អត្តសញ្ញាណយើងមិនត្រូវបាត់ទេ ពិភពលោកពិតណាស់ សកលភាវូបនីយកម្មនៅស្តង់ដាសម្ភារៈ ស្តង់ដារនៃការសិក្សា ស្តង់ដារនៃតម្លៃទីផ្សារ និងតម្លៃមួយចំនួន វាអាចប្រមូលផ្តុំជាមួយគ្នាបាន ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយចំនួន ប៉ុន្តែនៅលើពិភពលោកនេះ គ្មានគោលដៅស្តង់ដារណាមួយ ដែលអាចអនុវត្ត ឲ្យអនុវត្តគ្រប់ប្រទេសទាំងអស់គ្នាទេ គឺត្រូវគោរពនូវតម្លៃនៃមូលដ្ឋានធំ ចឹងនៅកម្ពុជាយើង សិទ្ធិសេរីភាពបុគ្គល ជាពិសេសស្ត្រី ចាំបាច់ត្រូវតែលើកតម្កើន ប៉ុន្តែមិនត្រូវហួសព្រំដែន ជាពិសេសមិនត្រូវឲ្យបាត់បង់ នូវអត្តសញ្ញាណនៃស្ត្រីខ្មែរ” ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា “ខ្ញុំធ្លាប់តែរស់នៅកៅប្រទេស នៅប្រទេសខ្លះ បើចង់បានការចាប់អារណ៍ ចង់បានទាញអារម្មណ៍គេឲ្យឆាប់ល្បី ធ្វើឆ្កួតឲ្យច្រើន ឥឡូវការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាការផ្តល់រង្វាន់ តាមរយៈបើមាន View ច្រើន បានលុយ ពេលខ្លះធ្វើឲ្យមនុស្សភ្លេច នូវព្រំដែន ធ្វើអីក៏ធ្វើឲ្យតែមានមនុស្សមើលច្រើន ដើម្បីបានក្រេឌីត កុំភ្លេចថាអ្នកឲ្យក្រេឌីតនេះ គេនៅប្រទេសផ្សេង គេតម្លៃផ្សេង គេវប្បធម៌ផ្សេងខុសពីយើង ពិតណាស់យើងចង់ឲ្យបងប្អូន ប្រកួតប្រជែងបាន View តាមការបង្កើតធ្វើនវានុវត្ត ការបង្កើតកម្មផ្សេងៗ” ។
សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំឃើញច្រើនណាស់ ខ្ញុំឧស្សារហ៍មើលរឿងកំប្លែងបងប្អូនច្រើន គាត់បង្កើត ប៉ុន្តែគាត់មិនទៅហួសហេតុទេ គាត់បង្កើតព្រំដែនសិល្បធម៌ នៅតែកំប្លែងដដែរនឹង កំប្លែងដូចតែគ្នា មិនចាំបាច់ឆ្អេសឆ្អាសទេ លក់ផលិតផលដូចគ្នា មិនចាំបាច់តែត្រូវធ្វើអីហួសព្រំដែនទេ” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា “ចឹងបើសិនជាគាត់អនុវត្តលើសព្រំដែន យើងត្រូវតម្រង់ទិស មែនថាដាក់ទណ្ឌកម្មនេះ គឺជាការធ្វើបាបទេតែជាតម្រង់ទិស ដើម្បីជាសារមួយប្រាប់ថា ក្មួយ ប្អូន បងប្អូនបានដើរហួសព្រំដែន ហើយដើម្បីជាសារឲ្យអ្នកផ្សេងផង ថាហួសព្រំដែន បើមិនប្រាប់ថាហួសព្រំដែន តើជាកំហុសអ្នកណា? បើរាជរដ្ឋាភិបាល បើមិនមហាជនជួយ កន្លងទៅមានការហួសព្រំដែននេះ យើងឃើញបងប្អូនមហាជន ប្រជាពលរដ្ឋយើងបានចេញ Comment ប្រាប់ថាកុំធ្វើចឹង មិនគួរជាដើម រហូតទៅដល់ករណីមួយនេះ មុននឹងក្រសួងដាក់ពាក្យបណ្តឹងដើម្បីឃាត់ខ្លួន គឺមហាជនបានប្តឹងច្រើនណាស់មកក្រសួង ថាហេតុអ្វីក៏ស្ថាប័នរដ្ឋមួយទាំងមូល ទុកឲ្យគេធ្វើចឹង ឲ្យតម្លៃវប្បធម៌ស្ត្រីខ្មែរទៅណា ចឹងសំនួរសួរថា តើរដ្ឋាភិបាលមានភារកិច្ចអី សិទ្ធិសេរីភាពម្ខាង ប៉ុន្តែតម្លៃសង្គម តម្លៃវប្បធម៌ម្ខាង ហើយជាសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលសំណូមពរឲ្យ ក្រសួងធ្វើវិធានការអប់រំកម្រិតណាមួយ ឬមួយក៏វិធានការណាមួយ ដើម្បីឲ្យគាត់កែ អប់រំមិនស្តាប់ត្រូវអនុវត្ត តាមយ៉ាងមិច ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងដែរ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងទៀតថា “ប្រជាពលរដ្ឋយើងច្រើនលើសលប់ ជាពិសេសស្ត្រី បានចូលរួមនៅក្នុងការការពារនេះ តាមរយៈការបញ្ចេញទស្សនៈ ក៏ដូចការសំណូមពរ ហើយជួយណែនាំ អប់រំកូនចៅផ្ទាល់ ហើយថែមទាំងការចូលរួមនេះ ចឹងខ្ញុំគិតថា តម្លៃនេះត្រូវថែរក្សា បើសិនជាយើងមិនណែនាំ តម្រង់ទិស ម្នាក់ឃើញ គាត់ថា ប្រហែលជាអានឹងអត់ខុសទេ ចឹងគ្រប់គ្នាចេញមកហើយ មិនប្រគួតគ្នាទៅធ្វើអ្វីដែលល្អ ទៅប្រកួតគ្នាធ្វើអ្វីដែលអាក្រក់ តើសង្គមយើងទៅយ៉ាងណា?” ។
សារណែនាំរបស់សម្តេចខាងលើនេះ បន្ទាប់ពីនៅលើបណ្តាញសង្គមនាពេលកន្លងទៅ មានពលរដ្ឋខ្មែរ ទាំងប្រុសនិងស្ត្រី ដែលជាអ្នកធ្វើមាតិការ ក៏ដូចជាអ្នកលក់ផលិតផលអនឡាញ លើបណ្តាញសង្គមនានា បានបង្កើតរូបភាពអវិជ្ជមានជាច្រើន បង្កឲ្យប៉ះពាល់ដល់តម្លៃសង្គមខ្មែរ រហូតផ្ទុះការបញ្ចេញមតិជាច្រើនពីសំណាក់ពលរដ្ឋ ដើម្បីឲ្យសា្ថប័នពាក់ព័ន្ធ មានវិធានការ និងរហូតមានករណីខ្លះ ក៏មានការអញ្ចើញមកអប់រំ ក៏ដូចជាណែនាំជាបន្តបន្ទាប់៕