ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងគ្រឿងញៀន ជាង២គីឡូក្រាម រួមទាំងអាវុធវែងខ្លីចំនួន៣ដើម

ស្វាយរៀង៖ នៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះកម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យចំនួន៥នាក់និងគ្រឿងញៀនជាង២គីឡូក្រាម អាវុធវែងខ្លី៣ដើម និងគ្រាប់រំសេវជាច្រើនទៀត ក្នុងករណីប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង។

នគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ហួត វិចិត្រ  ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២៤វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

 សមត្ថកិច្ចបានឲ្យដឹងថា ក្នុងក្នុងការបើកប្រតិបត្តិការនេះកម្លាំងជំនាញបានដកហូតវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥ នាក់(ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភារ:រួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៥កញ្ចប់ ទម្ងន់២២៤៥,០៦ក្រាម(២គីឡូ២៤៥,០៦ក្រាម) ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ក្រាម។ជញ្ជីងថ្លឹងថ្នាំញៀន៤គ្រឿង អាវុធវែង១ដើមមានគ្រាប់៩៥គ្រាប់ បង់២និងអាវុធខ្លី២ដើមមានគ្រាប់៨៣៣គ្រាប់ បង់៥ បំពង់ពង់ផ្ទប់សម្លេង២ដើម។ទូរសព្ទដៃ៣១ គ្រឿង ,ឡេបថប១គ្រឿង,លិខិតឆ្លងដែន ១៩ ក្បាល,ប្រាក់ដូល្លា ២០០០$,រថយន្ត២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។

 បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

To Top