ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ត្រៀមផាកពិន័យ​ អ្នកបោះចោលសំរាមផ្តេសផ្តាស ខុសម៉ោង និងទីតាំង

" "

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យ​ ចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវា ប្រមូលសំរាម សំណល់រឹងទីប្រជុំជន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ មកប្រជុំ នៅសាលារាជធានីភ្នំពេញ មុននឹងអនុវត្តការងារនេះ ឲ្យប្រសើរឡើង។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ​ បានដឹកនាំកិច្ចប្រជុំ ជាមួយភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរបរិស្ថាន មន្ទីរជំនាញពាក់ព័ន្ធ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង និងមន្រ្តីជំនាញ ស្តីពី៖ – ការចាប់ផ្តើមអនុវត្តការផាកពិន័យ ចំពោះអ្នកដែលចោលសំរាម និងសំណល់រឹងខុសម៉ោងពេល និងទីតាំងដែលបានកំណត់ និងអ្នកដែលមិនព្រមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង – ការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ – ការអនុវត្តអនុស្សរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង – ការពង្រឹងតួនាទីភារកិច្ចរបស់ភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ ។

" "

ក្នុងនោះលោក ហួត ហៃ បានលេីកឡើងថា ការអញ្ជើញភ្នាក់ងារអនាម័យ​ នៅតាមសង្កាត់ទាំង១០៥ មកប្រជុំនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ សហការជាមន្ត្រីបរិស្ថាន ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យ ចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវា ប្រមូលសំរាម សំណល់រឹងទីប្រជុំជន។

" "

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តថា ភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥នេះហើយ ជាភ្នែកជាច្រមុះ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះត្រូវចុះពិនិត្យឲ្យបានជាប្រចាំ ជុំវិញការទុកដាក់សំរាម សំណល់រឹង ពិសេស របាំងទ្រូងផ្លូវ(ប្លូ) ដាច់ខាត កុំឲ្យមានដី ឬធូលី ប្រឡាក់ ពោលគឺបើឃើញត្រូវជំរាប ទៅភ្នាក់ងារក្រុមហ៊ុនប្រមូលសំរាម ដើម្បីមកសំអាតឬកើបចេញ បើមិនដូច្នេះទេ បើអភិបាលរាជធានីភ្នំពេញ ធ្វើដំណើរឆ្លងកាត់ឃើញទ្រូងផ្លូវ(ប្លូ)មានដី ឬធូលី ប្រឡាក់នោះ ភ្នាក់ងារអនាម័យនៅតាមសង្កាត់ ប្រឈមនឹងការផ្លាស់ប្តូរចេញ៕

To Top