ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូនាថ្ងៃ១០ មករាលោកសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញ វេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ។
លោកបន្តថា គុយបា ក៏បានទាំងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្នដែរ។
សាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណ ដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់ សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជា ត្រូវបានរំដោះពីរបបខ្មែរក្រហម ។
ចំណែក ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា វិញបានថ្លែងអបអរសាទរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសទទួល បានទំនុកទុកចិត្តពី រាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល។
ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំ របស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្ត ផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការផ្លាស់ប្តូរបច្ចេកវិទ្យា ផលិតឱសថវេជ្ជសាស្ត្រ និងការបញ្ជូនវេជ្ជបណ្ឌិតជំនាញ ព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀត មកជួយបណ្តុះបណ្តាល នៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា តាមការស្នើសុំ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជានិងគុយបា។
ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការចែករំលែកបទពិសោធន៍ ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ការផ្តល់អាហារូបករណ៍ ផ្នែកវេជ្ជសាស្ត្រទាំងរយៈពេលខ្លី និងវែង ។ ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាល នឹងធ្វើការជាមួយស្ថានទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា រៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេស មហារីក នៃមន្ទីរពេទ្យហ្លួងម៉ែ ដោយក្រុមគ្រូពេទ្យពីប្រទេសគុយបា នៅក្នុងពេលឆាប់ៗខាងមុខនេះ។
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែង នូវការកោតសសើរ និងស្នើសាធារណរដ្ឋគុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕