កំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ និវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
យោងតាមរបាយកាណ៏ របស់ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្ម របស់ខ្លួន កាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនាសម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិក បានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤។
ក្នុងពិធីនោះផងដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា អតីតកាលនៃនិវត្តជន គឺជាការត្រួសត្រាយផ្លូវដោយតម្លៃ នៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមគំនិតបង្កើត នូវសមាគមសិង្គហៈមិត្តនេះឡើង ដើម្បីធ្វើជាស្ពាន សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ដែលជាយន្តការទំនាក់ទំនង ក្រោមគំនិតផ្តួចផ្តើមរបស់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិកកិត្តិយសនៃសមាគមសិង្គហៈមិត្ត លោកបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយសសមាគម និងលោកស្រី កែវ ចរិយា ជាប្រធានក្រុមប្រឹក្សាភិបាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងអស់ នៃសមាគម សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបំពេញបេសកកម្មការងារដ៏មានសារសំខាន់នេះ ដោយត្រូវបន្តបង្កើនប្រសិទ្ធិភាព នៃការបំពេញមុខងារ និងភារកិច្ចមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ ”បង្គោលចរឆ្នាំ២០៣០” គឺកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់ និង បន្តគាំទ្រឱ្យសម្រេចបាន ”ចក្ខុវិស័យ២០៥០” គឺកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងបន្តការចុះសួរសុខទុក្ខដល់ និវត្ដន៍ជនតាមលំនៅដ្ឋាននីមួយៗជាបន្តបន្ទាប់ទៀត ដូចជា៖ ការចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម។
សូមបញ្ជាក់ថា សម្រាប់និវត្តជនដែលបានចូលរួមថ្ងៃនេះ ក៏បានទទួលអំណោយពីលោកស្រី អ៊ឹម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន រួមមាន ៖ បុរសទទួលបានក្រម៉ា ០១ និងថវិកា ២០ម៉ឺនរៀល ចំណែកស្ត្រីទទួលបានសំពត់សឹង ០១ក្បិន និងថវិកា ២០ ម៉ឺនរៀល ៕