ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សំឡេងគាំទ្រ របស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លា របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាល បន្តវេនដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹង ពីដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំ របស់ខ្លួន ទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋ នៅឯនាយសមុទ្រ តែងតែចេញសារគាំទ្រ យ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត ។ ពេល សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានបញ្ជាក់ថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញ ពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរ ជាច្រើន ដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូ អបអរសាទរជាបន្តបន្ទាប់ ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជា ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រថែមទៀត។

សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាល គណបក្ស ប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២% ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣% ដែលបានទៅចូលរួម បោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរ នៅក្រៅប្រទេសបានងាកមកគាំទ្រ រាជរដ្ឋាភិបាលបានកើនឡើង យ៉ាងគំហុកដូចទឹកបាក់ទំនប់។

សុខសន្តិភាព ស្ថិរភាពសង្គម និង នយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស… សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់ មិនអាចប្រកែកបានបញ្ជាក់ ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។

សំឡេងគាំទ្រ របស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរ គឺជាឧត្តមភាពដ៏ក្លៀវក្លា របស់រាជរដ្ឋាភិបាល ។ ឧត្តមភាពនេះ កំពុងលើកស្ទួយមោទនភាពជាតិខ្មែរ ក៏ដូចជាកិត្យានុភាព របស់កម្ពុជា ឱ្យកាន់តែខ្ពស់ត្រដែតឡើង ទាំងនៅក្នុងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ ៕

To Top