ភ្នំពេញ ៖ លោក អ៊ង់ គឺមភឿន នាយកនៃវិទ្យាស្ថាន ពហុច្ចេកទេសភូមិភាគ តេជោសែនឦសាន ស្ថិតនៅខេត្តក្រចេះ បានឱ្យដឹងថា យុវជនក្នុងខេត្តក្រចេះ ចាប់អារម្មណ៍លើជំនាញ៧មុខ ក្នុងចំណោមកម្ម វិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីលើកកម្ពស់ ជីវភាពក្រុមគ្រួសារ ។

លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ជំនាញទាំង៧នោះ មានសេវាកម្មបរិក្ខាត្រជាក់ សេវាកម្មកុំព្យូទ័រ ការតបណ្តាញអគ្គិសនីក្នុងអាគារ សម្អាងកាយ សេវាកម្មជួសជុលរថយន្ត ផ្សារដែក និងការងារកំបោរ ខណៈយុវជនបានចុះឈ្មោះចូលរៀន ចំនួន១៨៩នាក់ ចាប់តាំងពីនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មកទល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ ។

សម្រាប់ការបើកបវេសនកាល ដំបូង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ វិទ្យាស្ថាន ពហុច្ចេកទេសភូមិភាគ តេជោសែនឦសាន បានរៀបចំត្រៀមខ្លួនរួច ជាស្រេច ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ និងគ្រូបណ្តុះបណ្តាល ដែលពោពេញទៅដោយសមត្ថភាព។ នេះបើតាមការអះអាងដដែល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

