ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវ ឲ្យប្រើប្រាស់ទឹក សន្សំសំចៃ ក្នុងកម្រិតខ្ពស់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវ អាជ្ញាធរដែនដី និងសាធារណៈជន ចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក ។

តាមរយៈសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអាកាសធាតុបន្តរដូវប្រាំង ដល់ដើមខែឧសភា ២០២៤ ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ឃើញថា សីតុណ្ហភាពនៅក្នុងរដូវប្រាំង មានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅ កើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧អង្សាសេ និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយ ធ្វើឲ្យរដូវវស្សាចាប់ ផ្ដើមយឺត(យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤ ។

ក្រសួងបញ្ជាក់ថា “យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក ។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន”

To Top