ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ ស្នើឱ្យក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នា ជំរុញកេរ្តិ៍ឈ្មោះអង្ករកម្ពុជា លើឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេស អេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នា ក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងជំរុញកេរ្តិ៍ឈ្មោះ អង្ករកម្ពុជាលើឆាកអន្តរជាតិ ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រីរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យ ក្នុងការបញ្ជាទិញ និង នាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០តោន ដោយការបញ្ជាទិញ ក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាមេរិក ។

លោកស្រីរដ្ឋមន្ត្រី បន្តថា ការនាំចេញអង្ករនាពេលនេះ មិនត្រឹមតែជាការ ធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការជំរុញ កិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អ រវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ ។ លើសពីនេះការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងចំណោមប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗ ជាច្រើនបន្ថែមទៀត ។

លោកស្រីបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញ ទំហឹងដល់ការនាំចេញកសិផល ក្នុងស្រុក បង្កើតឱកាសការងារ កាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិតរបស់យើង ព្រមទាំងលើកកម្ពស់ការ ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ នូវកសិផលរបស់កម្ពុជា ជាពិសេសសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអន្តរជាតិនានា ដែលមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងគោលបំណង ទទួលបានផលប្រយោជន៍រួម និងវិបុលភាពទៅវិញទៅមក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មនឹង ចូលរួមរៀបចំវេទិកា ផ្គូផ្គងអាជីវកម្ម ដែលនឹងរៀបចំឡើង នៅចុង ខែកុម្ភៈឆ្នាំ ២០២៤ នៅទីក្រុងអាប៊ូដាប៊ី ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការ រកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករ​កម្ពុជា ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា «នឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ ផងដែរ» ៕

To Top