ព័ត៌មានជាតិ

ក្នុងនាមអ្នកដឹកនាំ ជំនាន់ក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្ដួចផ្ដើម យុទ្ធសាស្ដ្រខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំ ជំនាន់ក្រោយ សម្ដេច បន្តគាំទ្រយ៉ាងពេញទំហឹង ដោយឥតរេរនូវគំនិតផ្តួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋាភិបាលចិន។

តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី គូសបញ្ជាក់ថា «ក្នុងនាមខ្ញុំជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន ខ្ញុំសូម បន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្តីពី យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន»

បន្ថែមពីលើនេះ សម្ដេចធិបតី លើកឡើងថា ក្នុងនាមជាដៃគូ នៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិនបន្តមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចធិបតី បន្ដថា ការប្រាស្រ័យទាក់ទងគ្នា យ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹក គ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេច ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសម្ដេច បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាចំណងទំនាក់ទំនងដែកថែប និងការពារគ្នាទៅវិញទៅមក។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងបរិការណ៍នេះ ការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមជាមួយដំណើរ ទស្សនកិច្ចរបស់ លោក លី ស៊ូឡី និង គណៈប្រតិភូ មកកាន់កម្ពុជា នាពេលនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវចំណងទំនាក់ទំនង ជាអ្នកជិតខាងល្អ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជន និងទេសចរណ៍រវាងប្រជាជាតិ ទាំងពីរ ក្នុងនាមជាអារ្យប្រទេស ដែលមានវប្បធម៌ដ៏ចំណាស់យូរលង់ និងឧត្តុង្គឧត្ដម និងជាមិត្តល្អចេះជួយគ្នាទៅវិញ ទៅមកគ្រប់ពេលវេលា និង កាលៈទេសៈទាំងអស់ ៕

To Top