ភ្នំពេញ: អ្នកនាំពាក្យក្រសួងព័ត៌មាន លោកទេព អស្នារិទ្ធ បានបញ្ចេញ ប្រតិកម្មរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ថា របាយការណ៍ របស់Human Rights Watch មិនបានឆ្លុះបញ្ចាំងអំពីការ ពិតនៅកម្ពុជាឡើយ ផ្ទុយទៅវិញ របាយការណ៍នេះ ជាការបរាជ័យក្នុងការបង្ហាញ អំពីស្ថានភាពពិតនៃសេរីភាព សារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការ ទទួលព័ត៌មាន នៅកម្ពុជា ។
ថ្លែងប្រាប់ដើមអម្ពិល លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ ក្រសួងព័ត៌មាន អោយដឹងថា ការសន្និដ្ឋានរបស់របាយការណ៍ ដែលបានមើល ត្រឹមតែមួយជ្រុង នៃស្ថានភាពពិតប្រាកដ នៃការអភិវឌ្ឍ របស់វិស័យទាំងមូលនៅកម្ពុជា គឺជាសេចក្តី សន្និដ្ឋានខ្វះការថ្លឹងថ្លែង ឲ្យបានគ្រប់ជ្រុងជ្រោយ ពោលជា របាយការណ៍មានភាពលម្អៀង មានចេតនាធ្វើឲ្យ វិស័យនេះអាប់ឱន បង្ខូចកិច្ចខិតខំ សមិទ្ធផល និងបង្ខូចកេរ្តិ៍ឈ្មោះ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ទេព អស្នារិទ្ធ បានពន្យល់ថា នៅកម្ពុជា អ្នកសារព័ត៌មាន បាន និងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេស ក្នុងការ ចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន គ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួន ដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ អំពីភាពរីកចម្រើន នៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់ តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយលក្ខណៈ ចម្រុះនិង សំបូរបែប ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់រាជរដា្ឋភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសគឺ ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តក្នុង ការគាំពារសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ សេរីភាព សារព័ត៌មាន ដោយលើកកម្ពស់ ស្ថាប័ន សារព័ត៌មាន ជាដៃគូ មិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល សម្រាប់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងទៀត។
លោក ទេព អស្នារិទ្ធ បានថ្លែងផងដែរថា “ខ្ញុំសូមអរគុណ ដល់បងប្អូន អ្នកសារព័ត៌មាន ដែលកន្លងមកបាន អនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មានបានល្អ និងបានប្រកបការងារ ដោយមិនបំពាន លើសតួនាទីខ្លួន ជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកដ៏ទៃ មិនបម្រើឲ្យ របៀបវារៈនយោបាយ ដោយគោរព ផលប្រយោជន៍ជាតិកម្ពុជា និងបានគោរពកាតព្វកិច្ច របស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់។ រីឯអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដែលបានបំពានក្រមសីលធម៌ បំពានលិខិតបទដ្ឋានគតិយុត្តិ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន ដោយអនុលោម តាមគោលការណ៍នីតិរដ្ឋ”។