ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា គោលដៅបៃតងគឺជាធាតុផ្សំដែលមាន នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានធ្វើឡើង នៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការ នៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ស្របនឹងការថ្លែងរបស់លោករដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួម ចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជា សមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយ បង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើនិងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាព ឱ្យទទួលបានចំណូលខ្ពស់ ៕
