ភ្នំពេញ៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយសុវត្ថិភាពហើយនោះ មានពលរដ្ឋខ្មែរជាច្រើនបានរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។
នាព្រឹកថ្ងៃទី១៤ ខែមករា (ម៉ោងនៅកម្ពុជា) នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុប ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង និងស្វីស”។
សូមរំលឹកថា សម្តេចធិបតី បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២៤៕