ព័ត៌មានជាតិ

សម្តេចធិបតី មិនឱ្យអ្នកនយោបាយ ប្រឆាំងស្រលាញ់​ ឬឈប់រិះគន់ សម្ដេចនោះទេ ប៉ុន្ដែគួរឱ្យតម្លៃ លើអ្វីដែលផ្ដល់ ផលប្រយោជន៍ជាតិ

ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា សម្តេច មិនបន់ឱ្យអ្នកនយោបាយ វ័យចំណាស់ម្នាក់ ស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្ដែគួរតែឱ្យតម្លៃ ទៅលើអ្វីដែលផ្ដល់ ផលប្រយោជន៍ដល់ប្រទេសជាតិ។

នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប៉ុន្មានថ្ងៃនេះមានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង ដោយប្រាប់ លោក ម៉ាក្រុងថា ប្រយ័ត្នចាញ់បោក សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

សម្ដេចធិបតី គូសបញ្ជាក់ថា «ក្នុងនាមជាអ្នកនយោបាយវ័យចំណាស់ម្នាក់ នៅកម្ពុជា ការចេញសារបែបនេះ តើមានគិតទេ? ចេញសារធ្វើយ៉ាងណា កុំឱ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាល និង រដ្ឋាភិបាលទាំងពីរនេះ បានទៅដោយរលូន ។ បង្កើតនូវភាពមិនទុកចិត្តគ្នាទៅហើយ តើសារនេះបានន័យស្អី? ក្នុងនាមជាអ្នកនយោបាយ ចង់អ្នកឯងស្រលាញ់រាជរដ្ឋាភិបាល មិនស្រលាញ់រដ្ឋាភិបាល ប៉ុន្ដែគួរតែឱ្យតម្លៃ ទៅលើអ្វីដែរ ផ្ដល់ផលប្រយោជន៍របស់ប្រទេសយើងទៅ ជៀសជាងធ្វើនយោបាយ ដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួន អ្នកស្រលាញ់ជាតិ»

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងថា អ្នកនយោបាយចាស់វស្សា កំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរនោះ គួរតែអបអរសាទរដល់ទំនាក់ទំនង រវាងរដ្ឋាភិបាលកម្ពុជា និងបារាំង នាពេលនេះផងដែរ។

សម្ដេចធិបតី បានគូសបញ្ជាក់ទៀតថា «គិតអំពីផលប្រយោជន៍ជាតិ ជៀសជាងផលនយោបាយ ហើយដាក់នយោបាយចំពោះមុខទាំងអស់ ខ្ញុំ មិនបន់ឱ្យស្រលាញ់ខ្ញុំទេ ខ្ញុំមិនថា ឱ្យឈប់រិះគន់នោះទេ ជាសិទ្ធិរបស់គាត់ ប៉ុន្ដែយ៉ាងយោចណាស់ គួរឱ្យគិតថាពេលណាដែរ ផ្ដល់ផលប្រយោជន៍ជាតិ យើងត្រូវរួមគ្នាទៅ»

សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជាមួយប្រទេសបារាំង និងបណ្ដាប្រទេសផ្សេងៗ នៅក្នុងទ្វីបអឺរ៉ុប គឺកម្ពុជាប្រកាន់ជំហរដូចគ្នា ក្នុងការគោរពអធិបតេយ្យភាព និងឯករាជ្យភាព ទៅវិញ ទៅមក និងជជែកគ្នា ដើម្បីពង្រឹងផលប្រយោជន៍ជាតិ ទាំងនេះ គឺជាគោលដៅការទូតរបស់កម្ពុជា នៅក្រៅប្រទេស៕

To Top