ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ស្ថានភាពសិទ្ធិមនុស្ស នៅកន្លែងឃុំឃាំង មានភាពល្អប្រសើរ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានលើកឡើងពីការចុះពិនិត្យ ស្ថានភាពសិទ្ធិមនុស្សជាប្រចាំ នៅកន្លែងឃុំឃាំង និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក។

នាឱកាសអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី គូសបញ្ជាក់ពីការរៀបចំរបាយការណ៍នៃ ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងភាគីពាក់ព័ន្ធរួចរាល់ហើយ ដោយត្រៀមដាក់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិនិត្យ សម្រេចមុននឹងបញ្ជូនទៅក្រសួងការបរទេស ដើម្បីបន្តនីតិវិធី។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី លើកឡើងពីសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលផ្អែកលើគោលការណ៍ ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការចុះពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូច ជាពន្ធធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ ទន្ទឹមនេះ ទេសរដ្ឋមន្ត្រី ក៏បានស្នើឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ច សហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្ស។

ក្នុងឱកាសនៃជំនួបនោះដែរ លោកIgor Driesmans ក៏បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតស្វាគមន៍ ចំពោះសំណើរបស់ទេសរដ្ឋមន្ត្រី លើការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ៕

To Top