ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន-សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១០ បានបញ្ជាក់ថាបានផ្តល់អត្ថប្រយោជន៍នូវមុខងារ៥រួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឲ្យវត្តមានផ្ទាល់ នៅទីកន្លែងទៀតទេ ។
សេចក្តីប្រកាសដដែរបញ្ជាក់ថា សមិទ្ធផលនេះ ជាការឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងសំណើរបស់វិស័យឯកជនដែលរដ្ឋាភិបាលបានប្រកាសដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តវិស័យឯកជន ចូលរួមប្រើប្រាស់ឲ្យបានពេញលេញ នូវសេវានេះ និងផ្តល់មតិ ព្រមទាំងធាតុចូលល្អៗ ដើម្បីឲ្យក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច យកមកកែលម្អសំដៅពង្រឹង ឲ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹង តម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ ទៅនឹងមុខងារចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន-សហគ្រាស និងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh៕