ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុន VINCI​ ពង្រីកការវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាស អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនមួយនេះ នៅកម្ពុជា និងបានលើកទឹកចិត្ត ឲ្យពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ផ្សេងទៀត​។

នៅក្នុងជំនួបដែលធ្វើឡើង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោង នៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។

នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយ ចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាលក្ខខណ្ឌអំណោយ​ផល​ដ៏សំខាន់ ដល់ការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនឱ្យដំណើរការ ដោយរលូននៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា ជាពិសេស លើវិស័យអាកាសចរណ៍ស៊ីវិល ជាង៣០ឆ្នាំ កន្លងមកនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍ចំពោះការវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុន ពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ផ្សេងទៀតនៅកម្ពុជា ដើម្បីជាការរួមចំណែក ដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

To Top