ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។
នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ។
សម្ដេចធិបតី បន្ដថា កត្តាទាំងនោះ មានដូចជា៖ ទី១-រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។ទី២-កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព។
ទី៣-កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិន អាចចូលទៅកាន់ទីផ្សារចម្រុះ ជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ច ឱ្យឈានដល់កម្រិតខ្ពស់។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ជាក់ស្តែងវិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០ លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៦០ លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ ទ្រីលានដុល្លារអាម៉េរិក ។ បន្ថែមលើនេះ, កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ៕