ភ្នំពេញ៖ លោកស្រី Makreeta LAHT នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បាននិងកំពុងស្វែងរកឱកាស វិនិយោគលើវិស័យថាមពល នៅកម្ពុជា ។
ការលើកឡើងរបស់លោកស្រី នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
ក្នុងជំនួបនេះ លោកស្រី Makreeta LAHTI បានលើកឡើងអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។ ហើយលោកស្រី បានគោរពជម្រាបជូនសម្ដេចធិបតីថា “ក្រុមហ៊ុន បាននិងកំពុងវិនិយោគ លើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងំពុងស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលនេះនៅកម្ពុជា ។
ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចធិបតី បានស្វាគមន៍ចំពោះចំណាប់រម្មណ៍ របស់ក្រុមហ៊ុន ក្នុងការប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម អំពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគ ក្នុងវិស័យនេះ ហើយសន្តិសុខថាមពល ក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូន នៅថ្ងៃអនាគត៕