ព័ត៌មានជាតិ

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយ​ ឱកាសវិនិយោគ នៅកម្ពុជា ដល់ក្រុមហ៊ុនបារាំង

ភ្នំពេញ៖ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែច្បាស់បន្ថែមទៀត ។

ការប្តេជ្ញាខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤​ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្នុងឱកាសនៃជំនួប លោកប្រធាន APF បានលើកឡើងអំពីបំណងរបស់ APF ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលនេះជាពេលវេលាដ៏សមស្រប​ សម្រាប់ក្រុមហ៊ុនបារាំងពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាព ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦។

ដោយលោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យ៝កាន់តែច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ ។

បន្ថែមលើនេះ លោកប្រធាន APF ក៏មានជំនឿថា នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនបារាំង ដោយសារតែកម្ពុជា អាចនឹងក្លាយជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញ នូវភាពទាក់ទាញដល់វិនិយោគិន ជាមួយនឹងទំនាក់ទំនងដ៏ល្អ រវាងបារាំង និងកម្ពុជា នាពេលកន្លងមក។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងថា ក្រៅពីអ្វីដែលក្រុមហ៊ុនបារាំង បានវិនិយោគនៅប្រទេសដទៃ ក្រុមហ៊ុនគួរតែពិចារណា ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរ សម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។

ក្នុងនោះដែរសម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះលោកប្រធាន APF សម្រាប់ការជួយផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជា ជូនដល់ក្រុមហ៊ុនបារាំង ដែលកម្ពុជាក៏មានបំណងផ្សារភ្ជាប់ខ្លួន ទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។

សម្តេចធិបតី​ នាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមថា ក្រុមហ៊ុនបារាំង នឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្ត នូវអភិក្រមដែលមាន លក្ខណៈប្រាកដនិយម ក្នុងការគាំទ្រដល់ការធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែង ចំពោះវិស័យជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្ម ទទួលបានជោគជ័យ៕

To Top