ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការគាំទ្រ ដល់ក្រុមហ៊ុន TotalEnergies លើការវិនិយោគ នៃការតភ្ជាប់បណ្តាញចរន្តអគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ។
ការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងជំនួបនេះ លោក Patrick POUYANNÉ បានលើកឡើងអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោង នៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិរូបនេះ ក៏បានលើកឡើងថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្ម លើវិស័យថាមពល អគ្គីសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណង ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ នៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះ នឹងជំរុញដល់ការវិនិយោគ លើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជា កាន់តែមានជម្រើសប្រភពថាមពលបន្ថែម ។
ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការបង្កើត ប្រភពថាមពលកកើតឡើងវិញនេះ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់ បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រ ពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល៕