ព័ត៌មានជាតិ

ក្រុមហ៊ុន Blue Circle គ្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់ នៅកម្ពុជា

ភ្នំពេញ៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានសិក្សារួចមកហើយ​ អំពីទីតាំងចំនួន២ខេត្ត ដែលអំណោយផលល្បឿនខ្យល់ខ្លាំង នឹងអាចបង្កើតជា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល នៅកម្ពុជា ដោយដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ខណៈសម្តេចធិបតី ចង់ឲ្យគម្រោងមួយនេះ សម្រេចបាន ជាលទ្ធផលផ្លែផ្កាជាក់ស្តែង។

ការលើកឡើងរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន​ Blue Circle ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោក Olivier Duguet បានលើកឡើងអំពីវឌ្ឍនភាពរីកចម្រើន​ នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីក ការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចថា ក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លងមកក្រុមហ៊ុន បានធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សា ជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អ ដែលអាចផលិតជាថាមពលអគ្គីសនីបាន។

ក្នុងនោះលោកបានបញ្ជាក់ថា ក្រោយពីការសិក្សា ទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួន ដែលអាចផ្តល់លទ្ធភាព ផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ បន្ថែមពីលើនេះភាគីខាងក្រុមហ៊ុន ក៏បានឲ្យដឹងទៀតថា ជាមួយការជួយជ្រោមជ្រែង និងការសហប្រតិបត្តិការល្អ ជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំពារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិត ថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបាន ប្រភពថាមពលអគ្គិសនី​ ដែលកើតចេញពីប្រភព កកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណេត បានគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន​ ដែលចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរក្រុមហ៊ុន ទទួលបានជោគជ័យ លើកិច្ចការដែលវិនិយោគ នៅពេលអនាគត និងស្នើក្រុមហ៊ុន ទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណា ឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបាន ជាលទ្ធផលផ្លែផ្កាជាក់ស្តែង៕

To Top