ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគមកពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា។
បើតាមសម្តេចធិបតីបានរៀបរាប់នៅលើបណ្តាញតេឡេក្រាមថា កម្ពុជា ពោរពេញដោយសក្តានុពលលើការវិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។
សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ ។ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១នៃប្រទេស ដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។
លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់ នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពល ដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។ សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែម ដល់ការបើកចំហរជើងមេឃ លើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ។
ចំណែក ឯវិស័យកម្មន្តសាល កម្ពុជាបានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរសម្រាប់ការនាំចេញទំនិញ ទៅកាន់ប្រទេសដទៃទៀត លើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត។ វិស័យដ៏មានសក្តានុពល ដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះ ទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ជាច្រើន ពាសពេញផ្ទៃប្រទេស។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ ពេញស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។
រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ក្នុង២០៥០។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើង នូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤៕