កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាព ការបាក់ច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ចាប់ពីឃុំព្រែកក់ រហូតដល់ឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ និងប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនផងដែរ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពច្រាំងទន្លេ តាមបណ្ដាឃុំមួយចំនួន នៅក្នុងស្រុកស្ទឹងត្រង់ បានបាក់ស្រុត បន្ទាប់ពីទឹកទន្លេបានស្រកទៅវិញ ប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារ និងប៉ះពាល់ដល់ផ្លូវបេតុងនិងផ្លូវក្រាលកៅស៊ូ មួយចំនួនផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិ មិនអាចធ្វើដំណើរបាន ។
ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕