ព័ត៌មានជាតិ

ក្រុមហ៊ុន និងសមាគម ឯកជន មើលឃើញថា សិក្ខាកាមជាង១ម៉ឺននាក់ ដែលចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ នឹងក្លាយជាចរន្តពង្រីក កម្លាំងជំនាញក្នុងស្រុក

ភ្នំពេញ ៖ ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជា ជឿជាក់ថា សិក្ខាកាមជាង១ម៉ឺននាក់ ដែលមានឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវគ្គទី១ នឹងក្លាយទៅជាកម្លាំងចលករមួយ ដ៏សំខាន់ក្នុងការពង្រីកកម្លាំងជំនាញ នៅក្នុងស្រុកបន្ទាប់ពីពួកគេ បញ្ចប់ការសិក្សារយៈពេល៤ខែ ។

ការលើកឡើងបែបនេះ បន្ទាប់ពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាល ជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ វគ្គទី១ ។ កម្មវិធីបណ្តុះបណ្តាលនេះមានសិស្សចំនួន៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន១០ លើមុខជំនាញ ចំនួន៣៨នៅទូទាំងប្រទេស ។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ (LSI) បានលើកឡើងថា ៖«ការចូលមកទទួលការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនេះ ប្រសិនបើគាត់រៀនចប់ រៀនចេះ និងមានការងារធ្វើ នោះពិតជារឿងមួយយ៉ាងសំខាន់ណាស់ សម្រាប់រុញចរន្តវិស័យការងារផង និងជំរុញសេដ្ឋកិច្ចកម្ពុជាផង»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា យុវជនប្រមាណជាង ១ម៉ឺននាក់ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនឹងក្លាយជាកត្តាមួយ ដ៏សំខាន់ក្នុងការទាក់ទាញការ វិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ពីព្រោះកាលណាកម្ពុជាមានកម្លាំងជំនាញស្រាប់ និងគ្រប់គ្រន់ នោះអ្នកវិនិយោគិនទាំងនោះនឹង ហូរមកចូលកាន់ប្រទេសកម្ពុជា។

ដោយឡែក លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាក៏បានលើកឡើងដែរថា៖«ចំនួននេះគឺច្រើនគួរសមប្រសិនបើពួកគេរៀនចប់ ហើយពិតជាមានគុណភាព នោះវានឹងក្លាយជាកម្លាំងជំរុញទាំង ម៉ាក្រូសេដ្ឋកិច្ច និង មីក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាមួយផ្នែក នៃការរុញកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០»។

លោកបន្ថែមថា កម្លាំងជំនាញរបស់យុវជន គឺមានសារសំខាន់ណាស់ ប្រសិនបើយុវជនម្នាក់ ពុំមានការបណ្តុះបណ្តាលជំនាញ វីជ្ជាជីវៈត្រឹមត្រូវទេ នោះតម្លៃនៃកម្លាំងពលកម្មរបស់គេទាប ប៉ុន្តែផ្ទុយមកវិញប្រសិនយុវជន មានការបណ្តុះបណ្តាល ជំនាញត្រឹមត្រូវស្តង់ដា និងគុណភាព នោះតម្លៃនៃកម្លាំងជំនាញ របស់ពួកគេគឺថ្លៃ ហើយអាចមានប្រាក់ចំណូលសមរម្យផងដែរ ៕

To Top