តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ស្ថាបនិក សិប្បកម្មជីសរីរាង្គព្រៃស្នួល ដែលដឹកនាំដោយលោក សយ សុភាព និង លោកបណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអ៊ី ព្រមទាំងក្រុមបច្ចេកទេស ចូលជួបសម្ដែងការគួរសម ។





ក្នុងឱកាសចូលចូលជួបសម្ដែងការគួរសមនេះ ស្ថាបនិកសិប្បកម្មជីសរីរាង្គព្រៃស្នួល ក៏បាននាំយកជីចំនួន៥០ឈុត ជូនដល់រដ្ឋបាលខេត្តតាកែវ ដើម្បីយកទៅប្រើប្រាស់លើដំណាំ តាមការជាក់ស្ដែង។



ដោយមានការពន្យល់យ៉ាងក្បោះក្បាយ ពីអ្នកបច្ចេកទេសផលិត និងអ្នកប្រើប្រាស់ផ្ទាល់ ពីសារៈប្រយោជន៍ និងគុណភាពជីសរីរាង្គព្រៃស្នួល លោក អ៊ូច ភា បានឱ្យដឹងថា លោកនឹងយកជីនេះ ទៅលើកក្នុងវេទិកាប្រជុំរបស់រដ្ឋបាលខេត្ត ជាមួយមន្ទីរពាក់ព័ន្ធនានា នៅពេលខាងមុខ។
សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល គឺជាប្រភេទជីទឹក ផលិតដោយស្នាដៃកូនខ្មែរ អាចប្រើប្រាស់ទៅលើដំណាំបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសលើដំណាំស្រូវ សណ្ដែក ដំឡូង ស្វាយ ។ល។
សិប្បកម្មជីសរីរាង្គព្រៃស្នួល មានទីតាំងផលិត នៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានលោក សយ សុភាព គឺជាស្ថាបនិកម្នាក់ ផងដែរ៕

