ព័ត៌មានជាតិ

អង្គការ OECD បន្តគាំទ្រកម្ពុជា លើផ្នែកបចេ្ចកទេស​ ក្នុងការកសាង គោលនយោបាយនានា

ភ្នំពេញ ៖ លោក Mathias Cormann អគ្គលេខាធិការអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) បានសម្រេចបន្តផ្តល់ការគាំទ្រ ផ្នែកបចេ្ចកទេស ក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។

ការលើកឡើងពីការគាំទ្ររបស់ ថ្នាក់ដឹកនាំអង្គការ OECD ខាងលើនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Mathias Cormann អគ្គលេខាធិការអង្គការ​ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងឱកាសនៃជំនួប លោក Mathias Cormann បានធ្វើការបញ្ជាក់ អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រ ផ្នែកបចេ្ចកទេស ក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការរីករាយស្វាគមន៍ ចំពោះជំនួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់  និងពង្រីកថ្មីបន្ថែមទៀត ព្រមជាមួយនឹងការអរគុណ ចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែង រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញ អំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គម ជាដើម ។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរ អំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យ ប្រែក្លាយទៅជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់ របស់ប្រទេសជាសមាជិក៕

To Top