ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។
ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖“កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម ហើយការទាក់ទាញវិនិយោគមកថែមនេះគឺមិនមែនជាប្រយោជន៍របស់បុគ្គលណាទេ គឺជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រយោជន៍របស់កម្មករនិយោជិត និងសមាជិកសមាជិកាសហជីពយើងតែម្តង ដោយត្រូវរួមគ្នាលើកពីភាពវិជ្ជមានដើម្បីឱ្យគេមក ពេលនោះយើងនឹងមានការងារសមរម្យ”។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាឱ្យពិនិត្យ និងពិភាក្សាបន្ថែមលើប្រធានបទនៃការពង្រឹងមូលធនមនុស្ស បច្ចេកវិទ្យាឌីជីថល(ការងារបៃតង) និងការលើកកម្ពស់សិទ្ធិដែលស្របទៅតាមច្បាប់ជាតិ និងច្បាប់ពាក់ព័ន្ធនានាដែលកម្ពុជាទទួលស្គាល់។
កិច្ចការសំខាន់ទាំងនេះ នឹងជួយជំរុញផលិតភាពការងារ និងមានប្រៀបក្នុងការរក្សាបាននូវការងារដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែមដែលជាចំណុចគន្លឹះបង្កើតឱ្យមានការងារសមរម្យនៅកម្ពុជា៕