ភ្នំពេញ៖ ក្នុងដំណើរបំពេញបេសសកម្ម នៅតំបន់អឺរ៉ុប របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសញ្ញាដ៏ល្អ សម្រាប់វិស័យទេសចរណ៍ ដែលជឿជាក់ថា អាចនឹងមានសន្ទុះខ្លាំង បន្ទាប់ពីថ្នាក់ដឹកនាំ ក្រុមហ៊ុនទេសចរណ៍ លំដាប់ពិភពលោក Trip.com បានប្តេជ្ញានាំភ្ញៀវទេសចរឱ្យច្រើន មកទស្សនាកម្ពុជា។

ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសស្វីសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានលើកឡើង អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្ម ផ្តោតជាសំខាន់លើ វិស័យទេសចរណ៍ ។
ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការបន្តសហការ ជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន មកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការ ជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញ នូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើន នៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយ ឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕
